ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្តីរំភើបត្រេកអរឥតឧបមា បន្ទាប់ពីទទួលជ្រាបសេចក្តីប្រកាសព័ត៌មាន​ របស់ក្រសួងព្រះបរមរាជវាំង​ បញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង…

ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្តីរំភើបត្រេកអរឥតឧបមា បន្ទាប់ពីទទួលជ្រាបសេចក្តីប្រកាសព័ត៌មាន​ របស់ក្រសួងព្រះបរមរាជវាំង​ បញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គបានទទួលការព្យាបាលព្រះរោគដោយវះកាត់ដោយជោគជ័យ​ ប្រកបដោយលទ្ធផលល្អប្រសេីរ ពីក្រុមវេជ្ជបណ្ឌិតជំនាញ​នៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយព្រះអង្គបានយាងចេញពីបន្ទប់វះកាត់ដោយសុវត្ថិភាព នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ទូលព្រះបង្គំជាខ្ញុំ ក៏ដូចជាប្រជានុរាស្ត្រទូទាំងប្រទេស មានសេចក្តីធូរស្រាល និងកក់ក្តៅក្នុងចិត្តជាទីបំផុត ដោយទទួលដំណឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ានិត និង ឯកឧត្តម ហ៊ុន ម៉ានី ក៏កំពុងតែស្ថិតនៅក្បែរព្រះកាយព្រះអង្គផ្ទាល់ ដើម្បីតាមដាននូវដំណើរការវិវឌ្ឍនៃព្រះរាជសុខភាពរបស់ព្រះអង្គផងដែរ។

ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតថ្វាយ​ និងជូនចំពោះថ្នាក់ដឹកនាំ ដែលតែងតែ យកចិត្តទុកដាក់អំពីព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់ខ្ពស់ ខិតខំព្យាបាល និងថែទាំព្រះរាជសុខភាពរបស់ព្រះអង្គ រហូតទទួលបាននូវលទ្ធផលជោគជ័យដ៏ល្អប្រសើរ ថ្លៃថ្លានៃការព្យាបាលព្រះរោគដោយការវះកាត់នេះ។

ក្នុងនាមជាប្រជានុរាស្ត្រក្រោមល្អងធូលីព្រះបាទ នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គឆាប់បានធូរស្បើយពីព្រះរោគ និងមានព្រះកាយពលមាំមួនបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត និងប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិរន្តរ៍តរៀងទៅ។